តំបន់ទេសចរណ៍ ខេត្តកំពង់ធំ



ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវទេសចរណ៍ ទៅដើរកំសាន្តសំខាន់ៗចំនួន​ ៣ កន្លែង ដូចជា​ :

ភ្នំសន្ទុក ទេសភាពមើលពីលើភ្នំសន្ទុក

  • តំបន់ទេសចរណ៍ទី១ ភ្នំសន្ទុកស្ថិតនៅក្នុង ភូមិកកោះ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចម្ងាយ ១៧ គម ពីទីរួមខេត្តកំពង់ធំ តាមបណ្តោយ ផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សម្រាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ។ ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វាររហូតដល់ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ។ ពេលមកដល់ជើងភ្នំ យើងនឹងមើលឃើញទេសភាពដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយានយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសម្រាប់ចត។ របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនឹងពើបប្រទះ ព្រះវិហារ១ នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតាថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេ ស្ទឹង បឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។​[៧]
បន្ទាប់ពីចុះពីលើភ្នំមកគេអាចទៅដើរកំសាន្តនៅ តាមប្រាសាទបុរាណវិញ គឺនៅប្រាសាទសំបូរព្រៃគុក ។


  • ប្រាសាទសំបូរព្រៃគុក (ប្រាសាទយាយព័ន្ធ)ប្រាសាទមួយនៃ ប្រាសាទសំបូរព្រៃគុក

  • តំបន់ទេសចរណ៍ទី២ ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ ៣ ០០០ ហិកតា និងជារមណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តនេះ។ ប្រាសាទនេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន (គ.ស. ៦១៦-៦៣៥) នាសម័យចេនឡាដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង ១២០ ប្រាសាទ ស្ថិតនៅជាក្រុម។ ​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំពែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ និងនៅព័ទ្ធជុំវិញប្រាសាទមាន ដើមឈើតូចធំ រុក្ខជាតិ​ សត្វផ្សេងៗ គួរអោយចាប់អារម្មណ៍​។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុកបានទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្រិតជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង។ ប្រាសាទសំបូរព្រៃគុក ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។[៨]
បន្ទាប់ពីការធ្វើដំណើរកំសាន្ត ហត់នឿយអស់កម្លាំងមក ខេត្តកំពង់ធំ មានកន្លែងសម្រាប់បំបាត់ការនឿយហត់ដែរ គឺស្ទឹងព្រៃប្រស់​
ស្ទឹងសែន ភូមិព្រែកស្បូវ ស្ថិតនៅតាមដងស្ទឹងសែន
  • តំបន់ទេសចរណ៍ទី៣ ស្ទឹងព្រៃប្រស់ជាស្ទឹងមួយ ដែលហូរកាត់ខេត្តកំពង់ធំស្ថិតក្នុងស្រុកកំពង់ស្វាយ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ពីភ្នំពេញទៅ សៀមរាប។ ស្ទឹងនេះជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែង​ ដែលល្បីក្នុងខេត្តកំពង់ធំ។​នៅថ្ងៃមានបុណ្យទានម្តងៗ ឬមានពិធីផ្សេងៗតែងតែមាន ភ្ញៀវទេសចរណ៍នានាទៅ ដើរកំសាន្តទាំងជនជាតិខ្មែរ​ និងជនបរទេស។ នៅរដូវវស្សាស្ទឹងព្រៃប្រស់មានទឹក ដ៏ថ្លាឈ្វេងនិង ស្រស់ស្អាតសម្រាប់ លេងកំសាន្ត ប្រកបដោយទេសភាពស្រស់បំព្រង។ នៅអបមាត់ទឹក មានរមណីយដ្ឋាន​ និងអាហារដ្ឋាន ដែលអ្នកស្រុករស់នៅតាមតំបន់នោះជាអ្នកបើក​ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍។ អាហារដ្ឋានទាំងនោះ គឺធ្វើឡើងយ៉ាងស្អាត មានអង្រឹងសម្រាប់អង្គុយ​ នៅលើមាត់ទឹកជាមួយខ្យល់អាកាសដ៏បរិសុទ្ធ​ បន្ថែមជាមួយរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចកម៉្មង់អាហារ បានជាច្រើន តាមតម្រូវការ ដូចជា មាន់ដុតបាញ់ឆែវ ត្រីដុត​ បុកល្ហុង​ ប្រហិត....... ផ្លែឈើគ្រប់មុខ​ និងភេសជ្ជៈ គ្រប់ប្រភេទ ជាមួយសេវាកម្មរហ័សទាន់ចិត្ត។​ និយាយរួមស្ទឹងព្រៃប្រស់ សមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និងដំណើរកំសាន្តផ្សេងៗ សម្រាប់ប្រជាជនយើង។ ម្យ៉ាងទៀតនៅមានស្ទឹងមួយទៀតដែលមានសារៈសំខាន់សម្រាប់ខេត្តកំពង់ធំគឺស្ទឹងសែន។
ស្ទឹងសែនជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាប។ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំណាំស្រូវ ដំណាំចម្ការទាំងប្រាំង និងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗ។ [៩]
ក្រៅពីតំបន់ទេសចរណ៍ធំៗទាំង៣ មានតំបន់ទេសចរណ៍តូចៗផ្សេងៗទៀតដែរដូចជា:
​​

សកម្មភាពភ្ញៀវម្នាក់កំពុង​ស្រស់ស្រូបអាហារ​ក្នុងកញ្ចុស

ម្ហូបស្រុកស្រែ
នៅថ្ងៃមានពិធីបុណ្យជាតិធំៗ ខេត្តកំពង់ធំកាន់តែសប្បាយ ព្រោះមានមនុស្សជាច្រើនវិលត្រលប់មក​ ស្រុកកំណើតរបស់ពួកគេវិញដែលធ្វើឲ្យមានសភាពអ៊ូអរខុសពីធម្មតា។ មានន័យថាចំនួនអ្នកដើរកំសាន្ត ក៏កាន់តែច្រើនដូចគ្នា គឺពាសពេញកន្លែងទេសចរណ៍ទាំងអស់ ទាំងតំបន់ទេសចរណ៍ធំៗ និងកន្លែងផ្សេងទៀត។ ភាគច្រើនការធ្វើដំណើរគឺដោយ ម៉ូតូ មិនសូវមាន រថយន្ត ប៉ុន្មានទេ ព្រោះផ្លូវពិបាកធ្វើដំណើរបើជិះរថយន្ត ត្រូវចំណាយពេលយូរ​ និងលំបាកជាងជិះម៉ូតូ។
សរុបមក ខេត្តកំពង់ធំ ក៏មានតំបន់ទេសចរណ៍ច្រើនមិនចាញ់ ខេត្តដទៃទៀតដែរ ក្នុងចំណោមខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជាដែលចូលរួមចំណែកយ៉ាងសកម្ម​ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

Post a Comment

0 Comments